Jump to content

វីតាមីន

ពីវិគីភីឌា
បន្លែផ្លែឈើជាប្រភពនៃវិតាមីន

វីតាមីន(Vitamin) រឺ ជីវជាតិ​ មាន​ច្រើនប្រភេទដូចជា៖ វីតាមីន​ A, B1, B2, B3, B5, B6 ជាដើម។

១.​ វីតាមីន​ A : ភាគ​ច្រើន​ មាន​នៅ​ក្នុង​បន្លែ​ស្លឹក​ពណ៌​បៃតង​ ប៉ុន្តែ​វា​អាច​ត្រូវ​បាន​បាត់បង់​អស់​ ១/៣​ ប្រសិន​បើ​ត្រូវ​អុកស៊ីសែន​ និង​ពន្លឺ​ថ្ងៃ​ ថ្លើម​សត្វ​ ស៊ុត​ក្រហម​ ផលិតផល​ពី​ទឹក​ដោះគោ​ ត្រី​សម្បូរ​ខ្លាញ់​ និង​បន្លែ​ពណ៌​បៃតង​ និង​លឿង។

អាការ​កង្វះ​វីតាមីន​A : ស្បែក​ស្ងួត​ និង​គគ្រើម​ ក្រចក​ស្រួយ​ ងាយ​នឹង​បាក់​ និង​មាន​ចំណុច​សៗ​ បើ​មាន​កង្វះ​វីតាមីន​ A ខ្លាំង​ ភ្នែក​នឹង​មើល​មិន​សូវ​ឃើញ​នៅ​ពេល​យប់​ (ខ្វាក់មាន់)​ បើ​បណ្ដោយ​យូរៗ​ទៅ​ អាច​ងងឹត​ភ្នែក​បាន។

២.​ វីតាមីន​ B1 : វីតាមីន​នេះ​ នឹង​ត្រូវ​បំផ្លាញ​បាន​ដោយ​ងាយ​ នៅ​ពេល​ត្រូវ​កម្ដៅ​ និង​អុកស៊ីសែន​ ឬ​ក្នុង​ពេល​ដាំ​ស្ល​ ក៏​ធ្វើ​ឲ្យ​វីតាមីន​នេះ​បាត់បង់​ប្រមាណ​៣០%​ដែរ។

ដូច្នេះ​ មិន​ត្រូវ​លាង​បន្លែ​យូរ​ពេក​ទេ​ ហើយ​គួរ​ប្រើ​វិធី​ចំហុយ។​ វីតាមីន​ B1 មាន​ច្រើន​នៅ​ក្នុង​សណ្ដែក​គ្រប់​ប្រភេទ​ អង្ករ​សំរូប​ កន្ទក់​ សាច់​ជ្រូក​ និង​ពងមាន់​ -​ ទា។
កង្វះ​វីតាមីន B1 : ធ្វើ​ឲ្យ​ការ​ដុត​បំផ្លាញ​កាបូអ៊ីដ្រាត​ មិន​បាន​ល្អ​ ធុញ​អាហារ​ ឆាប់​មាន​អារម្មណ៍​ឆេវឆាវ​ មួម៉ៅ​ អស់​កម្លាំង​ ឬ​រមាស់​ដៃ​ជើង។​ បើ​មាន​បញ្ហា​កង្វះ​វីតាមីន​ B1 ​ ច្រើន​ អាច​ធ្វើ​ឲ្យ​ខ្សោយ​បេះដូង​ និង​ដំបៅ​សាច់ដុំ។

៣.​ វីតាមីន B2 : ងាយ​បាត់បង់​នៅ​ក្នុង​ទឹក​ ដូចនេះ​គួរ​បរិភោគ​ទឹក​ស្ងោរ​អាហារ​ឬ​បន្លែ​ទាំង​នោះ​ផង។​ ពន្លឺ​ ក៏​អាច​បំផ្លាញ​វីតាមីន​នេះ​ដែរ​ គួរ​រក្សា​ទុក​នៅ​កន្លែង​ងងឹត។​ វីតាមីន​ B2 ​មាន​ច្រើន​នៅ​ក្នុង​ថ្លើម​ សាច់​មាន់​ ទឹកដោះគោ​ ស៊ុត​ និង​ធញ្ញជាតិ។

អាការ​កង្វះ​វីតាមីន B2 : ដំបៅ​រង្វះ​មាត់​ រលាក​អណ្ដាត​ និង​មាត់​ និង​ជំងឺ​កង្វះ​ឈាម​ក្រហម​ (Anemia)។

៤.វីតាមីន​ B3 ឬ​ណៃអាស៊ីន​ (Niacin) B3 : ការ​ទទួល​ទាន​ថ្នាំ​ L-Dopa ប៉ារ៉ាសេតាម៉ុល​ និង​ ដៃអាសេប៉ាម​ (Diazepam)​ អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​វីតាមីន​ B3 ។​ វីតាមីន​ B3 ច្រើន​មាន​នៅ​ក្នុង​ត្រី​មាន​ខ្លាញ់​ សាច់​មាន់​ ថ្លើម​ សណ្ដែក​ស្ងួត​ និង​ធញ្ញជាតិ​សំបក។​ អ្នក​ដែល​ទទួល​ទាន​អាហារ​បួស​ ឬ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​តិច​ អាច​មាន​កង្វះ​វីតាមីន​ B3​ ធ្វើ​ឲ្យ​មាន​អាការ​ស្រងូតស្រងាត់​ ស្បែក​ស្ងួត​ ប្រេះ​ស្រកា​ អស់​កម្លាំង​ និង​គេង​មិន​លក់។​
៥.​ វីតាមីន B5 : ការ​ចម្អិន​ ធ្វើ​ឲ្យ​វីតាមីន​ B5 បាត់បង់​ដល់​ទៅ​៥០%​ ហើយ​បើ​ក្លាស្សេ​រឹង​វិញ​ នឹង​ធ្វើ​ឲ្យ​បាត់​បង់​វីតាមីន​នេះ​ ដល់​ទៅ​៨០%។​ ដូច្នេះ​ គួរ​ទទួល​ទាន​អាហារ​ស្រស់​ជានិច្ច។​ វីតាមីន​នេះ​ មាន​ច្រើន​នៅ​ក្នុង​បន្លែ​ស្ទើរ​គ្រប់​មុខ​ ផលិត​ផល​ពី​សាច់​សត្វ​ ត្រី​ ស៊ុត​ក្រហម​ បន្លែ​ស្លឹក​ពណ៌​បៃតង​ និង​ធញ្ញជាតិ។

ក្រុម​ដែល​ប្រឈម​មុខ​នឹង​កង្វះ​វីតាមីន​នេះ​ គឺ​អ្នក​ដែល​មាន​បញ្ហា​កង្វះ​ជីវជាតិ​អាហារ​ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ អ្នក​កីឡា​ និង​អ្នក​ដែល​ប្រើ​កម្លាំង​ច្រើន​ ដែល​ធ្វើ​ឲ្យ​មាន​អាការ​ល្ហិតល្ហៃ​ សាច់ដុំ​កន្ត្រាក់​ ក្អួត​ចង្អោរ​ ឈឺក្បាល​ និង​ ឈឺពោះ។

៦. វីតាមីន​ B6 : វីតាមីន​ B6 មាន​ច្រើន​នៅ​ក្នុង​សាច់​សត្វ​ ទា​ មាន់​ គោ​ ជ្រូក​ ស៊ុត​ ត្រី​ និង​ទឹកដោះគោ។

អាការ​កង្វះ​វីតាមីន B6 : គេង​មិន​លក់​ ងាយ​ឆ្លង​រោគ​ អស់​កម្លាំង​ មាន​បញ្ហា​ស្បែក​បបូរ​មាត់​ប្រេះ​បែក​ អណ្ដាត​ និង​ មាត់​រលាក៕